កម្ពុជា-ថៃកំពុងរៀបចំក្រុមការងារចរចារឿងកែសម្រួលអាវុធនិងកងទ័ពតាមព្រំដែន

ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជា-ថៃកំពុងរៀបចំក្រុមការងារដើម្បីពិភាក្សាគ្នា រឿងកែសម្រួលអាវុធធន់ធ្ងន់ចេញពីព្រំដែន។ ការលើកឡើងនេះ ស្របពេលនាយករដ្ឋមន្ត្រីថ្មីរបស់ថៃបានលើកឡើងថា ដរាបណាកម្ពុជាមិនដកអាវុធចេញពីព្រំដែន ថៃនឹងមិនចរចារឿងបើកព្រំដែនជាមួយកម្ពុជាឡើយ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៥ ខែកញ្ញា​ថា ការ​បង្កើត​ក្រុម​ការងារ​រវាង​កម្ពុជា-ថៃ ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការ​កែសម្រួល​អាវុធ​ធន់ធ្ងន់​ដែល​មាន​សមត្ថភាព​បំផ្លាញ​ខ្លាំង និង​យុទ្ធោបករណ៍ ឱ្យ​ត្រឡប់​ទៅ​មូលដ្ឋាន​ដើម​វិញ គឺ​ធ្វើ​ឡើង​តាម​ការ​កំណត់​របស់​កិច្ច​ប្រជុំពិសេស​លើក​ទី១ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាល​ពី​ថ្ងៃ​ទី១០ ខែកញ្ញា នៅ​ក្នុង​ខេត្ត​កោះកុង។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បន្ត​ថា ក្រោយ​កិច្ច​ប្រជុំ GBC ៣សប្ដាហ៍ ក្រុម​ការងារ​នេះ ត្រូវ​ចាប់ផ្ដើម​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​ផែនការ​សកម្មភាព ពាក់ព័ន្ធ​នឹង​ការ​កែសម្រួល​អាវុធ​ធន់ធ្ងន់​ចេញ​ពី​ព្រំដែន ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង និង​ជា​ជំហានៗ ហើយ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ដើម្បី​បង្ហាញ​តម្លាភាព និង​ការ​ជឿ​ទុក​ចិត្ត​គ្នា។

ការ​ចេញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នេះ​បាន​ធ្វើ​ឡើង ស្របពេល​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​លោក អនុធីន ឆានវីរៈគូល (Anutin Charnvirakul) បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបាល​ថៃ​នឹង​មិន​បើក​ការ​ចរចា​ផ្លូវការ​ណា​មួយ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឡើយ ហើយ​ថៃ​នឹង​បន្ត​បិទ​ច្រក​ព្រំដែន ដរាបណា​កម្ពុជា​មិន​ដក​អាវុធ​ធន់ធ្ងន់​ចេញ​ពី​ព្រំដែន និង​ឈប់​គំរាមកំហែង​ដល់​ប្រទេស​ថៃ។

ការ​លើក​ឡើង​ពី​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន បាន​លើកឡើង​តាម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៤ ខែកញ្ញា​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​មិន​ថោក​សុំ​ទៅ​ភាគី​ថៃ​បើក​ច្រក​ព្រំដែន​នោះ​ទេ ហើយ​លោក​ថា ទោះបីជា​ប្រទេស​ថៃ​បិទ​ច្រក​ព្រំដែន​១០០ឆ្នាំ​ទៀត ក៏​កម្ពុជា​មិន​ស្លាប់​នោះ​ដែរ។ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា ច្រក​ព្រំដែន គឺ​ថៃ​ជា​អ្នក​បិទ ហើយ​មិន​បាច់​មក​ចរចា​ជាមួយ​កម្ពុជា​ដើម្បី​បើក​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​ថៃ​បើក​ច្រក​ព្រំដែន​ឡើង​វិញ នោះ​កម្ពុជា​នឹង​បើក​តាម​ក្រោយ​យ៉ាង​យូរ​ត្រឹម​៥ម៉ោង។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​មើលឃើញ​ថា បើទោះបីជា​ប្រទេស​ថៃ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ក៏​ដោយ ក៏​មិន​អាច​ជួយ​ឱ្យ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​បាន​ធូរស្រាល​នោះ​ដែរ ពីព្រោះ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ជា​មនុស្ស​ជិតស្និទ្ធ​នឹង​ក្រុម​យោធា​និង​ស្ដេច​ថៃ ដែល​មាន​មហិច្ឆតា​ឈ្លានពាន​ទឹក​ដី​កម្ពុជា។

ខ្ញុំ​យល់​ថា រដ្ឋាភិបាល​ថ្មី​ហ្នឹង គឺ​មិន​អាច​គ្រប់គ្រង​ទៅ​លើ​យោធា​របស់​ថៃ​បាន ដូច្នេះ​ការ​ឈ្លានពាន​មក​លើ​ទឹក​ដី​កម្ពុជា គឺ​នៅ​តែ​មាន​បន្ត អាច​មាន​ភាព​តានតឹង ហើយ​អាច​មាន​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​ផង​ដែរ។

—  លោក អ៊ុំ សំអាន

អ្នកនាំពាក្យ​កងទ័ព​ជើង​គោក​ថៃ លោក វីនថៃ សុវារី (Winthai Suwaree) បាន​លើកឡើង​ថា កងទ័ព​ថៃ​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រយុទ្ធ​ការពារ​ខ្លួន ខណៈ​លោក​បាន​ចោទប្រកាន់​ថា កងទ័ព​កម្ពុជា​បាន​បាញ់​អាវុធ​ធន់​តូច​ចូល​ទឹក​ដី​ថៃ និង​គប់​គ្រាប់​បែក​ទៅ​កន្លែង​រាយ​បន្លាលួស​របស់​កង​ទ័ព​ថៃ។

ផ្ទុយ​ពី​ការ​ចោទប្រកាន់​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ និង​បញ្ជាក់​ថា ទាហាន​ថៃ​ជា​អ្នក​រំលោភ​បទ​ឈប់​បាញ់ ដោយ​បាន​បំផ្ទុះ​អាវុធ​ចំនួន​៤​គ្រាប់ ចាប់​ពី​ម៉ោង​២​ជាង​ព្រឹក រហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី២៥ ខែកញ្ញា ប៉ុន្តែ​បែរ​ជា​ចោទ​កងទ័ព​កម្ពុជា ថា​ជា​អ្នក​បំផ្ទុះ​អាវុធ​បង្ក​ហេតុ​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។